ឱក សុគន្ធ​កញ្ញា អរគុណ​ដល់​បញ្ហា ដែល​បង្រៀន​ខ្លួន​ឲ្យ​រឹតតែ​រឹងមាំ

ភ្នំពេញ​ ៖ ​បងប្អូន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​ធំ​ បាន​ជ្រាប​រួច​មក​ហើយ​ជុំវិញ​រឿងរ៉ាវ​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ត្រូវ​លោក​ឱក បូ​នី ទម្លាយ​ថា អ្នកនាង មិន​ទទួលស្គាល់​ខ្លួន​ជា​ឪពុក ធ្វើ​ឲ្យ​មានការ​ជជែក​វែកញែក​ពេញ​​​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​នោះ។

​បើ​ទោះ​រឿង​នឹង​ឡើង​កម្ដៅ​ដល់​កម្រិត​ណាក៏ដោយ ដើម្បី​ភាពល្អ​ទាំងសងខាង ចៀសវាង​រង​ការ​ប៉ះទង្គិច​គ្នា​នោះ ឱក សុគន្ធ​កញ្ញា មិនបាន​បង្ហាញ​ពី​អារម្មណ៍​សោក​សៅ​ឆ្លើយតប​ណាមួយ​នៅលើ​បណ្ដាញ​សង្គម​ឲ្យ​គេ​មើល​ឃើញថា​ខ្លួន​កំពុងតែ​ខ្វល់ខ្វាយ​ពី​រឿង​នេះ​នោះ​ឡើយ​។​

​ជាក់ស្ដែង ឱក សុគន្ធ កញ្ញា និង​គ្រួសារ​ដ៏​តូច​របស់ខ្លួន​មួយ​នេះ តែងតែ​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ ក្នុង​ដំណើរ​កម្សាន្ត​កន្លែង​ផ្សេងៗ ដោយ​ធ្វើការ​បង្ហោះ​រូបថត​ជា​បន្តបន្ទាប់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជាពិសេស​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​កូន​ខ្លួន និង​ប្ដី​តែម្ដង​។​

​ដោយឡែក កាលពី​ម្សិលមិញ ដើម្បី​បង្ហាញ​ពី​ដំណោះស្រាយ​នោះ ឱក សុគន្ធ​កញ្ញា បាន​និយាយ​លក្ខណៈ​ទូទៅ​ចំពោះ​បញ្ហា ដែល​កើត​ឡើងលើ​ខ្លួន​ដូច្នេះ​ថា «​គ្មាន​នរណា​ម្នាក់​ចង់​ដើរ​ទៅ​ជួប​បញ្ហា​នោះទេ​.. តែមាន​ពេលខ្លះ បញ្ហា​ទាំងនោះ​វា​មករក​យើង​ដោយ​មិន​ដឹង​ខ្លួន ដូច្នេះ​ពេល​ជួប​បញ្ហា ចូល​អ្នក​កុំ​ឆេវឆាវ តាំងចិត្ត​ឲ្យ​ល្អ ដោះស្រាយ​តាម​សម្រួល ធ្វើ​ចិត្ត​រឹងមាំ​កុំ​ទន់ជ្រាយ បញ្ហា​ទាំងនោះ​នឹង​រសាត់​បាត់​ទៅតាម​ពេលវេលា អរគុណ​បញ្ហា​ដែល​បាន​បង្រៀន​ខ្ញុំ​ឲ្យ​រឹតតែ​រឹងមាំ​ឡើង តែ​យ៉ាងណា​ក៏​អរគុណ​ដល់ seng.chenda76 ដែល​តែងតែ​មាន​ម៉ូដ​គ្រឿងអលង្ការ ស្អាតៗ សមញ្ញា​ឥ​ខ្ចោះ​សម្រាប់​អតិថិជន​ជ្រើសរើស​គ្រប់ពេលវេលា​គ្រប់​កម្មវិធី​»​។​

គួរ​បញ្ជាក់​ថា ក្នុង​ពេល​រឿងរ៉ាវ​ដ៏​ក្ដៅ​គគុក​កើតឡើង​ចំពោះ​ខ្លួន​នា​ពេល​កន្លងមក​នោះ ឱក សុគន្ធកញ្ញា មិនបាន​បង្ហាញ​សារ​ណាមួយ​ដើម្បី​ធ្វើការ​ឆ្លើយតប​ច្បាស់លាស់​ចំពោះ​រឿង​ទាំង​នោះ​ឡើយ ពោល​គឺ​អ្នកនាង​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ រហូតដល់​ពេល​នេះ ទើប​បង្ហោះ​សារ ទំនងជា​អាច​ស្រាយ​ចម្ងល់​ខ្លះ​ៗ​របស់​មហាជន​បាន៕

  

Related posts

Leave a Comment